angkor bet

ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុន ByteDance គ្រោងវិនិយោគ ២,១ពាន់លានដុល្លារលើវិស័យ AI ក្នុងប្រទេសម៉ាឡេស៊ី

(គូឡាឡាំពួរ)៖ យោងតាមលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីនៅថ្ងៃសុក្រ ទី០៧ មិថុនានេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance របស់ចិន ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្តាញសង្គមវីដេអូ TikTok គ្រោងនឹងវិនិយោគថវិកាប្រមាណ ១០ពាន់លានរីងហ្គីត ឫ ២,១៣ពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងសេចក្តីប្រកាសខាងលើ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បានលើកឡើងថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលកំពុងពង្រីកខ្លួនមកកាន់អាស៊ីអាគ្នេយ៍មួយនេះក៏នឹងពង្រីកមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ីផងដែរ តាមរយៈការវិនិយោគបន្ថែមទំហំ ១,៥ពាន់លានរីងហ្គី෴ត។

លោក Tengku Zafrul Aziz បានគូសបញ្ជក់ថា “ការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុន ByteDance ខាងលើនេះ នឹងជួយម៉ាឡេស៊ីឱ្យសម្រេចបាននូវគោលដៅនៃការរីកលូតលាស់សេដ្ឋកិច្ចឌីជីថលរបស់ខ្លួនក្នុងកម្រិត ២២,៦ភាគរយនៃផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៥”

សូមជម្រាបថា ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោកបានលើកឡើងពីការវិនិយោគស្រដៀង​គ្នា​នេះ​ក្នុង​ប្រទេស​ម៉ាឡេស៊ីក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​។

ជាក់ស្តែង កាលពីខែមុន ក្រុមហ៊ុន Google របស់អាមេរិកបានប្រកាសថា ខ្លួនកំពុងរៀបចំផែនការវិនិយោគទំហំ ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម Cloud ដំបូងគេក្នុងតំបន់របស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុន Microsoft បានលើកឡើងថា ខ្លួននឹងវិនិយោគ ២,២ពាន់លានដុល្លារ ដើម្បីពង្រីកសេវាកម្ម Cloud និង AI ផងដែរ៕